ជាទូទៅ កសិករចិញ្ចេមមាន់មិនសូវបានទទួលផលប៉ុន្មានទេ ដោយសារខ្វះការយកចិត្តទុកដាក់ក្នុងការចិញ្ចឹម និងថែទាំ ។ ដោយមើលឃើញនូវបញ្ហាន...
ជាទូទៅ កសិករចិញ្ចេមមាន់មិនសូវបានទទួលផលប៉ុន្មានទេ ដោយសារខ្វះការយកចិត្តទុកដាក់ក្នុងការចិញ្ចឹម និងថែទាំ ។ ដោយមើលឃើញនូវបញ្ហានេះហើយ ទើបអង្គការសេដាកបានចុះទៅធ្វើការបណ្តុះបណ្តាល លើការចិញ្ចឹមមាន់ជាលក្ខណៈ គ្រួសារតាមបែបប្រពលវប្បកម្ម នៅភូមិថ្លុកដង្កោ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ក្រោយពីធ្វើការបណ្តុះបណ្តាលហើយ បងស្រី ស៊ូ ឃន ដែលជាកសិកររស់នៅភូមិ ឃុំខាងលើ គាត់បានស្ម័គ្រចិត្តសាកល្បងធ្វើការពិសោធន៍លើការចិញ្ចឹមមាន់នេះ ។ ចំណែកបទពិសោធន៍នៃការចិញ្ចឹមបង្ហាញជូនដូចខាងក្រោម :
១. ស្ថានភាពចិញ្ចឹមមុនពេលបណ្តុះបណ្តាល
បងស្រីពុំមានទ្រុងមាន់ត្រឹមត្រូវទេ គឺគ្រាន់តែរៀបចំឲ្យមានជាសំបុកសំរាប់ឲ្យមាន់ពងលើធ្នើរចង្ក្រាន ។ គាត់មិនសូវយកចិត្តទុកដាក់លើបញ្ហាចំណី ទឹក និងការថែទាំទេ ព្រលែងឲ្យមាន់ដើររកចំណីស៊ីដោយខ្លួនឯង ។ លទ្ធផលនៃការចិញ្ចឹមរបស់គាត់ គឺក្នុងមេមួយក្បាល ដល់ពេលលក់សល់កូនត្រឹម ១-២ ក្បាលប៉ុណ្ណោះ ហើយជួនកាលអាចអស់តែម្តង ដោយសារគេលួច ឬស្លាប់ដោយជំងឺ ។
២. របៀបចិញ្ចឹមតាមប្រពលវប្បកម្ម
ក្នុងការចិញ្ចឹមតាមបច្ចេកទេសប្រពលវប្បកម្មនេះ បងស្រីបានរៀបចំឲ្យមានទ្រុងដែលមានទំហំ ៤ ម៉ែត្របួនជ្រុង ធ្វើពីកូនឈើ ប្រក់ស្លឹកត្នោត និងរបងកំពស់ ១ ម៉ែត្រ ធ្វើជាទីធ្លាព័ទ្ធជុំវិញទ្រុងមាន់ទំហំ ១០ ម៉ែត្របួនជ្រុង ។ នៅក្នុងទីធ្លានោះ គាត់មានដាំត្រកួន ខ្ជាយ សំរាប់ជាម្លប់ដល់មាន់ ព្រមទាំងជីករណ្តៅកំប៉ុស្តសំរាប់ឲ្យមាន់កាយរកចំណី (សត្វល្អិត) ។ ក្រៅពីនេះ គាត់បានរៀបចំជាស្នូកទឹក និងស្នូកចំណីដាក់ជាប្រចាំ ។ នៅក្នុងស្នូកទឹក គាត់ដំគល់ស្លឹកគ្រៃដាក់ត្រាំដើម្បីការពារជំងឺឆ្លងផ្សេងៗ ។ ចំណែកឯស្នូកចំណី មានដាក់កន្ទក់លាយត្រកួនចិញ្ច្រាំដាក់ឲ្យមាន់ស៊ីជាប្រចាំ ។
៣. លទ្ធផលនៃការចិញ្ចឹមតាមប្រពលវប្បកម្ម
ក្រោយពីការចិញ្ចឹមតាមរបៀបនេះ ៤ ខែ គាត់សង្កេតឃើញថា មាន់របស់គាត់លូតលាស់លឿន ហើយពុំមានឆ្លង ជំងឺ ឬ ងាប់ដោយប្រការណាមួយទេ ទោះបីជាមាន់របស់អ្នកជិតខាងមានជំងឺឆ្លងងាប់អស់ក៏ដោយ ។
សរុបមក ដើម្បីចិញ្ចឹមមាន់ឲ្យបានល្អបងប្អូនកសិករគួរអនុវត្ត ចំណុចមួយចំនួន ដូចខាងក្រោម :
- ធ្វើទ្រុងឲ្យមាន់ជ្រកពេលមានភ្លៀង និងក្តៅហើយធ្វើ របងព័ទ្ធទីធ្លាឲ្យមាន់ដើរលេង
- ដាំត្រកួន និងជីករណ្តៅកំប៉ុស្ត ដើម្បីផ្តល់ម្លប់និងឲ្យមាន់ កាយរកចំណី
- ដាក់ស្នូកទឹកដែលមានត្រាំគល់ស្លឹកគ្រៃឲ្យមាន់ផឹកជាប្រចាំ ដើម្បីការពារជំងឺផ្សេងៗ
- ដាក់ស្នូកចំណី និងផ្តល់ចំណីជាប្រចាំឲ្យមាន់ស៊ី ។
* បញ្ជាក់ : នៅក្នុងព្រឹត្តិប័ត្រកសិករលេខ ១២ ខែធ្នូ ឆ្នាំ ២០០១ យើងបានចុះផ្សាយពីបទពិសោធន៍ចិញ្ចឹមមាន់របស់កសិករ ម៉ែន ង៉ែត ម្តងរួចមកហើយ ដែលដូចគ្នានឹកសិករ ស៊ូ ឃន ដែរ ។ ប៉ុន្តែ យើងខ្ញុំចុះផ្សាយនេះ ដើម្បីបញ្ជាក់ឲ្យឃើញថា មានកសិករជាច្រើនគ្រួសារបានអនុវត្តតាមបទពិសោធន៍ខាងលើ ហើយទទួលបានជោគជ័យ ៕

COMMENTS