ការសាកល្បងបទពិសោធន៍ចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារតាមគោលការណ៍ធម្មជាតិ (កសិករ ទុយ ផន) កសិករ ទុយ ផន រស់នៅភូមិតាសួន ឃុំត្រពាំងធំខាងជ...
ការសាកល្បងបទពិសោធន៍ចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារតាមគោលការណ៍ធម្មជាតិ (កសិករ ទុយ ផន)
កសិករ ទុយ ផន រស់នៅភូមិតាសួន ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ។ ក្រោយពីបានអានព្រឹត្តិប័ត្រកសិករមក គាត់មានការចាប់ អារម្មណ៍ ទៅលើបទពិសោធន៍ចិញ្ចឹមមាន់របស់ កសិករ ម៉ែន ង៉ែតដែលរស់នៅ ភូមិជើងភ្នំ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបានចុះផ្សាយក្នុងព្រឹត្តិប័ត្រកសិករលេខ ១២ ខែធ្នូ ឆ្នាំ ២០០១ កន្លងមកហើយក៏បានធ្វើការចិញ្ចឹមសាកល្បងតាម ។ ចំពោះការសាកល្បងបទពិសោធន៍ខាងលើ លោកពូបានធ្វើការកែប្រែទៅលើទំលាប់ចាស់មួយចំនួន ដូចជា ទ្រុង ចំណី ការផ្តល់ទឹក និងការថែទាំ ៘
១. គំនិតថ្មីដែលគាត់បានអនុវត្ត
ចំពោះទ្រុងមាន់ : គាត់បានកែច្នៃធ្វើជាកន្លែងដែលមានទីធ្លាសំរាប់ឲ្យមាន់ដើរលេង និងសំរាប់ជ្រក ។
ចំណី : លោកពូប្រើកន្ទក់ ត្រកួន និងអង្ករ ដោយច្នៃយកកន្ទក់មកបុកលាយជាមួយត្រកួន រួចទើបយកមកលាយនឹងអង្ករ ធ្វើដូចនេះដើម្បីទាក់ទាញមាន់ឲ្យវាមកស៊ី ។ ការលាយចំណីនេះ គាត់ប្រើកន្ទក់ ៣ ភាគ ត្រកួន ២ ភាគ និងអង្ករពី ១ ទៅ ២ កំប៉ុង ។ ដោយឲ្យវាស៊ីមួយថ្ងៃ ២ ដង គឺថ្ងៃត្រង់ និងល្ងាច (ដាក់ក្នុងស្នូកចំណី) ។
ទឹក : លោកពូបានផ្តល់ទឹកឲ្យមាន់ផឹករៀងរាល់ថ្ងៃ ដោយក្នុងនោះមានត្រាំគល់ស្លឹកគ្រៃ សំបកស្តៅ ។ គាត់បានធ្វើការផ្លាស់ប្តូរទឹកជារៀងរាល់ថ្ងៃ ។
ការថែទាំ : ចំពោះកូនមាន់ដែលទើបញាស់ គាត់ក្រុងវាទុកក្នុងរយៈពេលពី ៧ ទៅ ១០ ថ្ងៃ ដើម្បីឲ្យកូនមាន់រឹងមាំ ទើបលែងឲ្យវាដើរស៊ីចំណីតាមមេរបស់វា ។
២. លទ្ធផលដែលទទួលបានក្រោយពីការសាកល្បងនូវគំនិតថ្មី
ក្រោយការចិញ្ចឹមបានរយៈពេល ៤ ខែ មាន់របស់គាត់មួយក្បាលៗ មានទំងន់ ពី ១ គីឡូក្រាម ទៅ ១,៤ គីឡូក្រាម ។ មាន់គាត់ទាំងអស់មានចំនួន ៥០ ក្បាល (មេ ៨ ក្បាល ជំទង់ ១៥ ក្បាល និងសល់ពីនោះ កូនមាន់) ។ មាន់ដែលអាចលក់បានមានទំងន់សរុប ៥៤,៥ គីឡូក្រាម ។ ចំពោះមាន់រស់ លោកពូលក់ បានតំលៃ ៥០០០ រៀលក្នុងមួយគីឡូក្រាម ។ សរុបចំណូលទាំងអស់បាន ២៩៩៧០០ ៛ ។
៣. ផែនការសំរាប់ថ្ងៃខាងមុខ
ក្រោយពីបានឃើញនូវលទ្ធផលគួរជាទីពេញចិត្តនេះមក លោកពូមានចំនាប់អារម្មណ៍ គាត់បានសំរេចចិត្តសាកល្បងនូវបទពិសោធន៍ទាំងនេះ ព្រោះគាត់យល់ឃើញថាការចិញ្ចឹមរបៀបនេះមានលក្ខណៈងាយស្រួលអស់ថវិកាតិចជាងការចិញ្ចឹមជ្រូក និងមុខរបរផ្សេងៗ ។ ទៅថ្ងៃអនាគតគាត់នឹង ពង្រីកការចិញ្ចឹមមាន់នេះឲ្យបានច្រើន ៕


មតិដោយរួម