របៀបចិញ្ចឹមមាន់របស់កសិករ យ៉ុន លោកពូ យ៉ុន ជាកសិកររស់នៅភូមិអំពិលរូង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល គាត់ធ្លាប់មានបទពិសោធន៍...
របៀបចិញ្ចឹមមាន់របស់កសិករ យ៉ុន
លោកពូ យ៉ុន ជាកសិកររស់នៅភូមិអំពិលរូង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល គាត់ធ្លាប់មានបទពិសោធន៍ចិញ្ចឹមមាន់តាំងពីឆ្នាំ ១៩៨១ មកម្ល៉េះ ហើយបទពិសោធន៍របស់គាត់ហាក់ដូចជាប្លែកពីគេនៅក្នុងភូមិ ។ បទពិសោធន៍ទាំងនោះយើងសូមបង្ហាញជូនដូចខាងក្រោម :
១. របៀបចិញ្ចឹម :
លោកពូបានរៀបចំធ្វើសំបុកឲ្យមាន់ពង ធ្វើទ្រុងឲ្យមាន់ជ្រកនៅពេលយប់ និងពេលមានភ្លៀង ចំណែកពេលថ្ងៃ គាត់ ព្រលែងឲ្យដើរសេរីក្នុងបរិវេណទីធ្លាផ្ទះ ។ កូនមាន់ដែលទើបញាស់ គាត់បានក្រុងជាមួយមេរបស់វារយៈពេល ១០ ទៅ ១៥ ថ្ងៃ ដោយបំប៉នចំណី មានចុងអង្ករ កន្ទក់ និងទឹកថ្នាំបុរាណ ។ ទឹកថ្នាំបុរាណនេះ ផ្សំពីមើមសាគូ និងដើមស្មៅប្រមោយដំរីយកមក បុកជាមួយគ្នាដាក់ក្នុងទឹកឲ្យមាន់ផឹកជាប្រចាំ ជាពិសេសនៅរដូវប្រាំង (ពីខែមេសា ទៅឧសភា) ។ ពេលខ្លះគាត់ច្របាច់យកទឹកខាប់ៗឲ្យមាន់ផឹកនៅពេលដែលគាត់សង្កេតឃើញថាមាន់សំកុកមិនដើររកស៊ីចំណី ។
បទពិសោធន៍ការពារជំងឺមាន់មួយទៀត គឺគាត់យក កំទេចដែក ពីកន្លែងធ្វើកំបិតទៅដាក់ត្រាំក្នុងស្នូកទឹកឲ្យមាន់ផឹកជាប្រចាំផងដែរ ។ ក្រៅពីប្រើថ្នាំបុរាណការពារជំងឺមាន់ លោកពូក៏បាន ធ្វើអនាម័យសំអាតទ្រុង និងបរិវេណផ្ទះជាប្រចាំ ជាពិសេស កុំឲ្យមានកៅស៊ូកងនៅក្នុងបរិវេណទីធ្លា ព្រោះប្រសិនបើមានមាន់ណាដែលស៊ីកៅស៊ូកងហើយ ក្រោយរយៈពេលពីមួយ ទៅពីរអាទិត្យវានឹងឈឺស្លាប់មិនខាន ។
ចំពោះចំណី គាត់លាយស្រូវ ៣ គីឡូក្រាម ចុងអង្ករកន្លះគីឡូក្រាម សំរាប់មាន់ប្រមាណ ៧០ក្បាល(ទាំងតូចទាំងធំ)ស៊ីក្នុងមួយថ្ងៃ ។ ក្រៅពីនេះ គាត់ហាន់ត្រកួនល្អិតៗ លាយជាមួយបាយ កន្ទក់ឲ្យមាន់ស៊ីម្តងម្កាលដែរ ។
២. របៀបជ្រើសរើសពូជមាន់មកចិញ្ចឹម :
ក្នុងការចិញ្ចឹម គាត់បានជ្រើសរើសយក ពូជមាន់សំពៅទាំងញី ទាំងឈ្មោលដែលទិញមកពីខេត្តកំពង់ឆ្នាំង ។ ព្រោះពូជមាន់សំពៅនេះ មានមាឌធំ ឈ្នះជំងឺ មានទំងន់ធ្ងន់ ។ លោកពូបានបញ្ជាក់ប្រាប់ទៀតថា ការជ្រើសរើសពូជចិញ្ចឹមនេះសំខាន់ណាស់ ព្រោះវាអាចធ្វើឲ្យយើងចំណេញទាំងចំណី និងពេលវេលាក្នុងការចិញ្ចឹម ។ ជាក់ស្តែងមាន់របស់គាត់ដែលចិញ្ចឹមកន្លងមករយៈពេលតែ ៤ ខែប៉ុណ្ណោះ អាចមានទំងន់ពី ១ គីឡូ ២ ខាំ ទៅ ១ គីឡូកន្លះ ក្នុងមួយក្បាល ។
៣. លទ្ធផលនៃការចិញ្ចឹម
ក្រៅពីការបរិភោគក្នុងគ្រួសារហើយ លោកពូអាចរកប្រាក់ចំណូលបានពី ៣០ ទៅ ៣៥ ម៉ឺនរៀលក្នុងមួយឆ្នាំ ។ ប៉ុន្តែក្នុងនោះក៏មានមាន់នៅសេសសល់ដូចជាមាន់ស្ទើរជំទង់ប្រមាណ ២៧ ក្បាល
ចំពោះទីផ្សារវិញ គឺមានឈ្មួញចុះមកទិញដល់ផ្ទះក្នុងតំលៃ ៥០០០ ទៅ ៥៥០០ រៀល ក្នុងមួយគីឡូក្រាម (មាន់រស់) នៅថ្ងៃធម្មតា និង ៦០០០ ទៅ ៦៥០០ រៀល ក្នុង ១ គីឡូក្រាម នៅពេលថ្ងៃបុណ្យទាន (បុណ្យភ្ជុំចិន, ចូលឆ្នាំចិន, បុណ្យភ្ជុំបិណ្ឌ …) ។
សរុបមក ការចិញ្ចឹមមាន់របស់លោកពូបានកាក់កបល្អណាស់ គឺមាន់មានសុខភាពល្អមាំមួន និងអាចរស់បានរហូតដល់ ៩០ ភាគរយ ។ ការចិញ្ចឹមមាន់បានលទ្ធផលល្អបែបនេះ គឺដោយសារគាត់បានអនុវត្តចំណុចមួយចំនួនដូចខាងក្រោម :
- ឲ្យផឹកទឹកថ្នាំការពារជំងឺជាប្រចាំ ដូចជា មើមសាគូ និងដើមស្មៅប្រមោយដំរី ៘
- ធ្វើអនាម័យសំអាតទ្រុង និងទីធ្លាផ្ទះដើម្បីកុំឲ្យមាន់ស៊ីចំណីផ្តេសផ្តាស ជាពិសេសកៅស៊ូកង
- ជ្រើសរើសយកពូជមាន់ដែលធំល្អ មានទំងន់ធ្ងន់ ឈ្នះជំងឺមកចិញ្ចឹម
- ឆាប់ចាប់មាន់លក់នៅពេលដែលឃើញវាមានទំងន់គ្រប់គ្រាន់ល្មមលក់ ៕


មតិដោយរួម