កន្ធំថេតជារុក្ខជាតិម្យ៉ាងដែលមានប្រយោជន៍ច្រើនមុខ ដើមរបស់វាអាចប្រើធ្វើជាអុសដុត ស្លឹកយកធ្វើជាជីស្រស់ដើម្បីបង្កើនជីជាត...
កន្ធំថេតជារុក្ខជាតិម្យ៉ាងដែលមានប្រយោជន៍ច្រើនមុខ ដើមរបស់វាអាចប្រើធ្វើជាអុសដុត ស្លឹកយកធ្វើជាជីស្រស់ដើម្បីបង្កើនជីជាតិដី គ្រាប់របស់វាអាចប្រើធ្វើជាថ្នាំសំរាប់ព្យាបាលរោគ មនុស្ស សត្វ ។ ឆ្លងតាមរយៈការប្រើថ្នាំផ្សំពីរុក្ខជាតិនេះមានកសិករជាច្រើនព្យាបាលសត្វទៅតាមរបៀបប្លែកៗ ពីគ្នាទៅតាមតំបន់ជាក់ស្តែងដូចជាកសិករ អៀង យ៉ន រស់នៅភូមិទ្រា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង គាត់មានបទពិសោធន៍ទំលាក់ព្រូនមាន់ ដោយប្រើគ្រាប់កន្ធំថេត ។
តាមធម្មតា សត្វមាន់ដែលមានព្រូននៅក្នុងខ្លួនបង្កឲ្យមានរោគសញ្ញាដូចខាងក្រោម :
– មាន់មានសាច់ស្លេកហាក់ដូចគ្មានឈាម
– រោមមាន់រាងស្រអាប់
– មាន់មិនសូវរហ័សរហួនស្វែងរកចំណី
– មាន់ស្គមចេញទ្រនុងខ្នង និងមិនឡើងទំងន់
– នៅក្នុងលាមក គេសង្កេតឃើញមានព្រូន ។
ចំណែកឯវិធីព្យាបាលបង្ហាញជូនដូចខាងក្រោម :
១. វិធីព្យាបាល
– ចំពោះមេមាន់ឲ្យផឹក ១ ដង ៣ គ្រាប់ ក្នុងមួយថ្ងៃ និងផឹករយៈពេលមួយអាទិត្យ
– ចំពោះកូនមាន់ផឹក ១ ដង ១ គ្រាប់ ក្នុងមួយថ្ងៃ និងផឹករយៈពេលមួយអាទិត្យ ។
ក្រោយពេលផឹកអស់រយៈពេលមួយអាទិត្យមក គាត់សង្កេតឃើញមាន់មានភាពស្រស់ថ្លា និងរហ័សរហួនដើររកស៊ីចំណីឡើងវិញ ។ ហើយនៅក្នុងលាមកក៏លែងមានព្រូនទៀត ។ តាមបទពិសោធន៍ខាងលើនេះ គ្រាប់កន្ធំថេតជាឱសថព្យាបាលការទំលាក់ព្រូនមួយយ៉ាងមានប្រសិទ្ធិភាព ។ ហើយគេមិនត្រឹមតែអាចព្យាបាលមាន់ទេ គេអាចព្យាបាលការទំលាក់ព្រូនលើមនុស្សទៀតផង ៕
ប្រភពដើម ៖ https://sopheapprom.wordpress.com
កែសម្រួលដោយ ៖ រៀនដើម្បីធ្វើស្រែ

COMMENTS